[En français ci-après] នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង បានសហការជាមួយនឹង ក្រុមអតីតនិស្សិត Filiere Éco រៀបចំពិធីប្រគល់អាហារូបករណ៍ដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង (Filiere Éco ជំនាន់ទី៣២) ចំនួនពីររូប ដើម្បីឧបត្ថម្ភការចំណាយលើការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំនៅប្រទេសបារាំង ។
ពិធីដ៏មានអត្ថន័យនេះ ប្រព្រឹត្តឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោកស្រី TRAN Thi Anh-Dao តំណាងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា រួមទាំង គណៈគ្រប់គ្រង បុគ្គលិកសាកលវិទ្យាល័យ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមអតីតនិស្សិត Filiere Eco។
និស្សិតអាហារូបករណ៍ទាំងពីររូបគឺ៖
- កញ្ញា សន ស្រីនីន ដែលនឹងទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Toulouse Capitole University
- កញ្ញា ង៉ូវ សុដាណេត ដែលនឹងទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍ នៅសាកលវិទ្យាល័យ Clermont Auvergne
ក្នុងបរិបទដែលចំនួនអាហារូបករណ៍ដែលស្ថានទូតបារាំងធ្លាប់ផ្តល់ មានការថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងមានបំណងចង់រក្សាប្រពៃណីមួយដែលបានចាក់ឫសតាំងពីដើមកំណើតនៃកម្មវិធីរបស់យើង គឺការផ្តល់ឱកាសដល់និស្សិតបញ្ចប់ការសិក្សាឆ្នើមរបស់យើង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង។ នេះហើយជាមូលហេតុដែលមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងបានផ្តួចផ្តើមបង្កើតមូលនិធិអាហារូបករណ៍ថ្មីនេះឡើង។
យន្តការនៃមូលនិធិអាហារូបករណ៍ត្រូវបានរៀបចំឡើង ដោយពឹងផ្អែកលើការទទួលខុសត្រូវរួមគ្នារវាងភាគីចំនួនបី៖
១. មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង ទទួលបន្ទុកលើផ្នែកសំខាន់នៃចំណាយសម្រាប់ការផ្លាស់ប្ដូរការសិក្សានៅបរទេស។
២. ស្ថានទូតបារាំងប្រចាំកម្ពុជា តាមរយៈកម្មវិធី France Excellence នៅតែបន្តផ្តល់ការគាំទ្រដល់និស្សិតទាំងពីររូប និងទទួលស្គាល់ពួកគេជាអ្នកទទួលអាហារូបករណ៍រដ្ឋាភិបាលបារាំង។
៣. ជាចុងក្រោយ ក្រុមអតីតនិស្សិតនៃ Filière Éco បានប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីប្រមូលថវិកាបន្ថែម។
ទន្ទឹមនឹងនេះ និស្សិតទាំងពីររូបក៏បានប្តេជ្ញាចិត្តចូលរួមចំណែកផ្នែកហិរញ្ញវត្ថុទៅតាមលទ្ធភាពរបស់ខ្លួន បន្តការសិក្សាដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវ ស្របតាមគម្រោងវិជ្ជាជីវៈរបស់ខ្លួន។ នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ ពួកគេនឹងចូលរួមចំណែកជាមួយកម្មវិធីសិក្សានេះ តាមរយៈការគាំទ្រ និងណែនាំនិស្សិតជំនាន់ក្រោយៗ។ នេះហើយគឺជាទស្សនវិជ្ជាដ៏សំខាន់នៃកម្មវិធីអាហារូបករណ៍នេះ៖ មិនមែនជាការផ្តល់ជំនួយតែម្តងហើយបំភ្លេចចោលនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នា ជាស្ពានដែលតភ្ជាប់រវាងនិស្សិត អតីតនិស្សិត សាស្ត្រាចារ្យ និងដៃគូនានារបស់យើង។
សូមជូនពរដល់និស្សិតឆ្នើមទាំងពីររូបឱ្យទទួលបានជោគជ័យលើការសិក្សានៅប្រទេសបារាំង និងសង្ឃឹមថា ដំណើរសិក្សារបស់ពួកគេនៅប្រទេសបារាំង នឹងផ្តល់ឱកាសឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗ ហើយនៅពេលត្រឡប់មកវិញ ពួកគេនឹងយកចំណេះដឹង ជំនាញ និងការប្តេជ្ញាចិត្តរបស់ខ្លួន មកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការរួមចំណែកផ្នែកហិរញ្ញវត្ថុដ៏ថ្លៃថ្លារបស់ឯកឧត្តមដល់មូលនិធិអាហារូបករណ៍ និងជាពិសេសចំពោះ លោកស្រី TRAN Thi Anh-Dao តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា សម្រាប់ការគាំទ្រដ៏មានតម្លៃ និងការប្តេជ្ញាចិត្តជាប្រចាំរបស់លោកស្រីចំពោះសាកលវិទ្យាល័យរបស់យើង។
យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ស.ភ.ន.វ.ស. និងថ្នាក់ដឹកនាំ ព្រមទាំងក្រុម
អតីតនិស្សិត Filière Éco ជាពិសេស ឯកឧត្តម ម៉ិញ បានកុសល ជាប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ហួត ពុំ ជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងលោក ឈាវ ណារ៉ាត នាយកប្រតិបត្តិនៃក្រុមអតីតនិស្សិត Filière Éco ព្រមទាំងសប្បុរសជនគ្រប់រូប សម្រាប់ការគាំទ្រ ផ្តួចផ្តើម និងរួមចំណែកឧបត្ថម្ភថវិកាដល់និស្សិតទាំងពីររូប។




















English
