កម្មវិធីលើកទី១ នៃ “The Eco Morning: CEO Insights” (ព្រឹកព្រលឹមនៃសេដ្ឋកិច្ច៖ ការយល់ដឹងពីនាយកប្រតិបត្តិ)

Voir la version française ci-dessous

រៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE/URDSE) ជាផ្នែកមួយនៃកម្មវិធីអតីតនិស្សិត (Alumni) របស់ខ្លួន ក្នុងភាពជាដៃគូជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) និងផ្នែកសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា កម្មវិធី Eco Mornings ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រុមហ៊ុនបារាំងដែលកំពុងប្រតិបត្តិការនៅកម្ពុជា ឡើងធ្វើបទបង្ហាញដល់ទស្សនិកជនដែលជាការជួបជុំគ្នារវាងនិស្សិតបច្ចុប្បន្ន និងអតីតនិស្សិតដែលកំពុងបម្រើការងារក្នុងវិស័យវិជ្ជាជីវៈ។

ស្ថិតក្នុងក្របខ័ណ្ឌនេះ សហគមន៍របស់យើងបានទៅទស្សនកិច្ចនៅអគារធនាគារ BRED កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជួបជាមួយក្រុមការងារនៃសម្ព័ន្ធក្រុមហ៊ុន VINCI នៅកម្ពុជា ដែលតំណាងដោយអង្គភាពចំនួនពីររបស់ខ្លួន។

លោក Amine Guillot មកពីក្រុមហ៊ុន VINCI Construction Grands Projets (VCGP) បានធ្វើបទបង្ហាញពីវត្តមានជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុននៅកម្ពុជា តាមរយៈគម្រោងស្ថានីយផលិតទឹកស្អាតបាក់ខែង ដែលជារោងចក្រប្រព្រឹត្តកម្មទឹកស្អាត ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញជាង ២,២៥ លាននាក់ ដោយបានបង្កើតការងារក្នុងស្រុកជាង ៣ ០០០ កន្លែង និងមានម៉ោងធ្វើការចំនួន ១១ លានម៉ោងដោយគ្មានគ្រោះថ្នាក់ការងារដែលបណ្តាលឱ្យបាត់បង់ពេលវេលាធ្វើការឡើយ។

លោក Sébastien Lacoin មកពីក្រុមហ៊ុនខេមបូឌា អ៊ែរផត (Cambodia Airports) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports (ប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេលើពិភពលោក ដែលមានអាកាសយានដ្ឋានចំនួន ៧០ ក្នុង ១៤ ប្រទេស) បានធ្វើបទបង្ហាញអំពីតួនាទីជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងអាកាសយានដ្ឋាននៅកម្ពុជា ដែលមានដូចជា៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (សម្បទានរហូតដល់ខែកញ្ញា ឆ្នាំ២០២៥) និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប (រហូតដល់ខែតុលា ឆ្នាំ២០២៣) ព្រមទាំងវត្តមានបច្ចុប្បន្នរបស់ខ្លួន តាមរយៈអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (សម្បទានរហូតដល់ឆ្នាំ២០៤០) និងអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលប្រតិបត្តិការក្រោមគំរូអ្នកផ្តល់សេវាកម្មដឹកនាំដោយក្រុមហ៊ុន KTI ។

កិច្ចពិភាក្សានេះបានគ្របដណ្តប់លើបទពិសោធន៍វិជ្ជាជីវៈរបស់វាគ្មិន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុន VINCI នៅអាស៊ីអាគ្នេយ៍ ព្រមទាំងបញ្ហាប្រឈមទាក់ទងនឹងសុវត្ថិភាព បរិស្ថាន និងទំនួលខុសត្រូវសង្គមផងដែរ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ BRED សម្រាប់ការទទួលបដិសណ្ឋារកិច្ច និងក្រុមការងារក្រុមហ៊ុន VINCI សម្រាប់ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍ដ៏សម្បូរបែបរវាងស្ថាប័នសិក្សា និងស្ថាប័នវិជ្ជាជីវៈ។