រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងសូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន អំពីការបើកទទួលពាក្យ សម្រាប់កម្មវិធីទ្វេសញ្ញាបត្រ ពីកម្ពុជា និងអឺរ៉ុប ឆ្នាំសិក្សា ២០២៥-២០២៦ ជំនាញនីតិសាស្ត្រ និងជំនាញសេដ្ឋកិច្ចនិងគ្រប់គ្រង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
កម្មវិធីទ្វេសញ្ញាបត្រ ទាំងកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្តល់ជូននូវសញ្ញាបត្រដែលទទួលស្គាល់ជាអន្តរជាតិចំនួនពីរ ពីសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និង សាកលវិទ្យាល័យជាដៃគូនៅអឺរ៉ុប លើជំនាញច្បាប់ ឬ សេដ្ឋកិច្ចនិងគ្រប់គ្រង។
កម្មវិធីនេះដែរ មានថ្នាក់បរិញ្ញាបត្រចំនួន២ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨ ដែលបង្រៀនជាភាសាផ្សេងៗ រួមមាន៖ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។
លោក Laurent MESMANN ប្រធានគម្រោងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងលើកឡើងថា៖ “ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលទទួលនិស្សិតចុះឈ្មោះសិក្សាច្រើនជាង ៦០០ នាក់ ដែលនេះបញ្ជាក់ថា កម្មវិធីសិក្សានេះមានការទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់និស្សិត រយៈកាលជាច្រើនឆ្នាំមកនេះ ក្នុងនោះក៏រាប់បញ្ចូលអតីតនិស្សិតដែលមានភាពលេចធ្លោជាសាធារណៈ និងកំពុងកាន់តំណែងសំខាន់ក្នុងជួររដ្ឋាភិបាលផងដែរ។”
- ថ្នាក់ទ្វេសញ្ញាបត្រកម្រិតបរិញ្ញាបត្រមានរយៈពេល៣ ឆ្នាំ។ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវបញ្ចប់ការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានពីសាកលវិទ្យាល័យណាមួយជាមុនសិន។
- ថ្នាក់ទ្វេសញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់មានរយៈពេល២ ឆ្នាំ។ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនតម្រូវឱ្យមានបរិញ្ញាបត្រនៃជំនាញពាក់ព័ន្ធ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្វែងរកព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សារួមមាន៖ លក្ខណៈសម្បត្តិដែលអាចដាក់ពាក្យបាន ឯកសារភ្ជាប់ ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ និង ដាក់ពាក្យតាមរយៈគេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌល។ កម្មវិធីសិក្សានីមួយៗមានថ្ងៃផុតកំណត់ដាក់ពាក្យខុសគ្នា។
និសិ្សតចុះឈ្មោះសិក្សាក្នុងកម្មវិធីទ្វេសញ្ញាបត្រ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖
- សញ្ញាបត្រចំនួនពីរដែលទទួលស្គាល់ពីអន្តរជាតិ៖ មួយពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងមួយទៀតពីសាកលវិទ្យាល័យជាដៃគូនៅអឺរ៉ុប។
- មហាវិទ្យាល័យអន្តរជាតិ៖ និស្សិតនឹងទទួលបានការបណ្តុះបណ្តាលពីសាស្រ្តាចារ្យក្នុងស្រុក និងអន្តរជាតិ ធ្វើឱ្យនិស្សិតទទួលបានការអប់រំកម្រិតអន្តរជាតិ ដោយមិនចាំបាច់ចាកចេញទៅសិក្សានៅក្រៅប្រទេស។
- កម្មវិធីផ្លាស់ប្តូរការសិក្សា៖ ឱកាសពិសេសៗសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សានៅទូទាំងពិភពលោក រួមទាំងនៅក្នុងសាកលវិទ្យាល័យល្បីៗ ដូចជា SciencesPo Paris និង Audencia Business School។
- ការចូលប្រើប្រព័ន្ធអន្តរជាតិ៖ និស្សិតនឹងត្រូវបានចុះឈ្មោះក្នុងសាកលវិទ្យាល័យដៃគូនៅអឺរ៉ុបខាងលិច ដើម្បីឱ្យពួកគេទទួលបានសេវាកម្មឌីជីថលសម្រាប់និស្សិត រួមទាំងការចូលប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិចផងដែរ។

លោក Laurent MESMANN បន្ថែមថា៖ “គ្រប់កម្មវិធីទ្វេសញ្ញាបត្រទាំងអស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សុទ្ធសឹងមានតម្លៃសមរម្យ ដែលស្របតាមចក្ខុវិស័យរបស់មជ្ឈមណ្ឌល ដែលផ្តល់តម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់និសិ្សតច្រើនជាងកត្តាផ្សេងៗ។ ស្ថាប័នសាធារណៈ ដូចជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្តល់សេវាកម្មដែលបម្រើដល់ផលប្រយោជន៍សាធារណៈ។”
មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាស្ថាប័នអប់រំតែមួយគត់ ដែលផ្តល់សញ្ញាបត្រពីរ ផ្នែកច្បាប់ ឬ ផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រង ដែលទទួលស្គាល់ដោយអឺរ៉ុប ដល់និស្សិតក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីភាពល្បីល្បាញនៃកម្មវិធីសិក្សា ទាំងកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់រយៈពេលជាង ៣0 ឆ្នាំមកនេះ មជ្ឈមណ្ឌលគ្រោងនឹងដាក់ឱ្យដំណើរការកម្មវិធីសិក្សាថ្នាក់បណ្ឌិត ផ្នែកច្បាប់ និងផ្នែកសេដ្ឋកិច្ច ជាភាសាអង់គ្លេស និងបារាំងនៅឆ្នាំនេះ ដើម្បីរឹតបណ្តឹងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យនៅអឺរ៉ុប និងសាកលវិទ្យាល័យនៅកម្ពុជា ក្នុងពេលអនាគតតទៅមុខ។
ព័ត៌មានបន្ថែម៖
- ផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រង
Tel: 096 905 3988
Email: urdsecoopfreco@gmail.com
Facebook: RULE – Dual Degree in Economics

- ផ្នែកនីតិសាស្រ្ត
Tel: 069 990 197
Email: rule.internationalmaster@gmail.com
Facebook: RULE – Dual Degrees in Law

English
