ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ចុះទស្សនកិច្ចនិងបរិច្ចាគសៀវភៅជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានអញ្ជើញទៅទស្សនកិច្ច មកកាន់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីប្រគល់សៀវភៅយ៉ាងច្រើនដល់ដេប៉ាតឹម៉ង់ច្បាប់ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រួមទាំងឯកសារសំខាន់ៗទាក់ទងនឹងច្បាប់ធុរកិច្ចនៅកម្ពុជាផងដែរ។ ឯកឧត្តមត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ លោក ប៊ុន រស្មី សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក ប៊ុន រស្មីបានថ្លែងអំណរគុណដល់ឯកឧត្តម សុក ស៊ីផាន់ណា ចំពោះការបរិច្ចាគសៀវភៅនេះគឺពិតជារួមចំណែកក្នុងការពង្រឹងការអប់រំផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សៀវភៅនេះនឹងត្រូវបានផ្តល់ជូននិស្សិតរបស់យើងនៅបណ្ណាល័យ ក៏ដូចជានៅមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផងដែរ។ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា គឺជាម្ចាស់ជំនួយក្នុងកម្មវិធីអនុបណ្ឌិតប្រតិបត្តិសញ្ញាប័ត្រពីរផ្នែកច្បាប់ធុរកិច្ចអន្តរជាតិ ដែលរៀបចំរួមគ្នាជាមួយ សាកលវិទ្យាល័យ ULB តាំងពីឆ្នាំ ២០១៥ ហើយបានក្លាយជាអ្នកគាំទ្រដ៏មានតម្លៃនៃកម្មវិធីរបស់យើង។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការបរិច្ចាគ និងទន្ទឹងរង់ចាំស្វាគមន៍ ឯកឧត្តម នាពេលខាងមុខ។